តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ មាត្រា ៤៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅឆ្នាំ ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងជូនយោបល់ដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការរួមចំណែករបស់កុមារ។ នៅឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើការកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ ដែលរចនាសម្ព័ន្ធថ្មីមានរហូតដល់រាជធានី ខេត្ត និងមានក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន។ ការកែសម្រួលទាំងនេះមានគោលបំណងដើម្បីសម្របសម្រួលចំពោះដំណើការការអនុវត្តសិទ្ធិកុមារកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។
សកម្មភាពការងាររបស់ ក.ជ.ក
វគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបញ្ជ្រាបចំណេះដឹង ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធនឹងការការពារ និងការឆ្លើយតបការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
សេចក្តីថ្លែងការណ៍ថ្កោលទោសករណីឃាតកម្មលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិនូវអំពើដ៏សែនឃោឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ ដែលបង្កឡើងដោយ ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើឃាតទៅលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល យ៉ាងអាណោចអាធ័ម។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមនៅខេត្តកណ្តាល។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គម មកពីមន្ទីរពាក់ព័ន្ធ អធិការដ្ឋាននគរបាល និងមន្ត្រីមកពីបណ្តាក្រុង ស្រុក ទាំងអស់នៃខេត្តកណ្តាល។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីជាជំនួយក្នុងការប្រើប្រាស់សៀវភៅមេរៀន ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញសម្រាប់បណ្តុះបណ្តាលដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។
សេចក្តីថ្លែងការណ៍ផ្កោលទោសយ៉ាងដាច់អហង្ការ ស្តីពីករណីឃាតកម្មលើកុមារា អាយុ៥ឆ្នាំ នៅខេត្តសៀមរាប។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមផ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនសង្ស័យឈ្មោះ ឆេង សុខ អាយុ២៨ឆ្នាំ បានធ្វើឃាតកម្មអារកសម្លាប់ កុមារា ឈ្មោះ ជួន ពេជ្ជរ៉ា អាយុ៥ឆ្នាំ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៣០នាទី នៅភូមិត្រាង ឃុំកណ្តែក ស្រុកបា្រសាទបាគង ខេត្តសៀមរាប។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមប្រោះព្រំព្រះសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ។
ទូលព្រះបង្គំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមលើកហត្ថប្រណមបួងសួងគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មី សូមប្រោះព្រំព្រះសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមខេត្តតាកែវ។
ក្រុមការងារគម្រោង ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចុះបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមនៅខេត្តតាកែវ។
កិច្ចប្រជុំពិភាក្សា កៀរគរកិច្ចសហការថវិកា ធនធាន សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៦។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិភាក្សាកៀរគរកិច្ចសហការថវិកា ធនធាន សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមខេត្តកំពង់ចាម។
ក្រុមការងារគម្រោង ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចុះបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមនៅខេត្តកំពង់ចាម។
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីបន្តពិនិត្យ ពិភាក្សាលើការប្រមូលធាតុចូល និងកែលម្អនូវខ្លឹមសារមេរៀន ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច បន្ទាប់ពីបានបណ្តុះបណ្តាលសាកល្បងរួច។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីបន្តពិនិត្យ ពិភាក្សាលើការប្រមូលធាតុចូល និងកែលម្អនូវខ្លឹមសារមេរៀន ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច បន្ទាប់ពីបានបណ្តុះបណ្តាលសាកល្បងរួច

















