កិច្ចប្រជុំគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីបង្ហាញពីសមាសភាពថ្មី និងការបង្កើនកិច្ចសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព
កិច្ចប្រជុំគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីបង្ហាញពីសមាសភាពថ្មី និងការបង្កើនកិច្ចសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព
គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារបានជំរុញការផ្សព្វផ្សាយពីសកម្មភាពការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់សកម្មភាពប្រឆាំងពលកម្មកុមារ ដល់សាធារណជន ដើម្បីឱ្យការគោរពសិទ្ធិកុមារកាន់តែប្រសើឡើងថែមទៀត
ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រោមអធីតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង បង្ហាញពីសមាសភាពថ្មីនៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាជិកនៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់ខ្លួនឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ និងដើម្បីឱ្យការគោរពសិទ្ធិកុមារកាន់តែប្រសើឡើងថែមទៀត៕