វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ
វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ
វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយអគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយដល់កុមារ។
ទីស្តីការក្រសួង ស.អ.យ. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សហការជាមួយក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ។
វេទិកានេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ។ វាគ្មិនដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះមានចំនួន ០៥រូប (១)ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា (២)លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួ មហាផ្ទៃ (៣)លោកជំទាវ ស៊ន សាបោន អនុរដ្ឋលេខាធិការក្រសួង ស.អ.យ. (៤)លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រប្រៃសណីយ៍និងទូរគមនាគមន៍ និង(៥)លោកស្រីវេជ្ជ.សៀង លំអងគន្ធា ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រសួងសុខាភិបាល និងមានអ្នកចូលរួមជាកុមារ អ្នកថែទាំកុមារ មន្ត្រីរាជរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធ សរុប ចំនួន ២០០នាក់ ។
វេទិកានេះវាគ្មិនបានលើកឡើងអំពីគោលនយោបាយ និងការឆ្លើយតបទៅនឹងសំណួររបស់កុមារពាក់ព័ន្ធទៅនឹងការរើសអើងកុមារដែលមាននិន្នាការភេទដូចគ្នា, កុមារដែលជួបនូវគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ, ធ្វើដូចម្តេចដើម្បីធានាថាកុមារទទួលបាននូវសេវាសុខភាពពេញលេញដោយមិនគិតថ្លៃសេវា, សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញពីការរំលោភបំពានគ្រប់រូបភាព និងការគាំទ្រដល់កុមារលើការវិនិយោគសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យឌីជីថល។ល។
ទន្ទឹមនឹងនេះ លទ្ធផលដែលបានមកពីវេទិកានេះ នឹងត្រូវធ្វើសេចក្តីថ្លែងការណ៍ដោយតំណាងកុមារ នៅក្នុងមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារ អន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយក ក.ជ.ក. ។