• 023 213 004
  • admin@cncc.gov.kh

កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ

កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំនូវឯកសារមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្ដុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងចំណេះដឹងដល់កម្លាំងសេវាសង្គម ឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំ និងកុមារវ័យជំទង់ ឱ្យយល់ដឹងអំពីវិធីសាស្ត្រនៃការប្រើប្រាស់អ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព មានការទទួលខុសត្រូវ និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ។



ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលបាននាំមកនូវកាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងបានលើកកម្ពស់គុណភាពជីវិត ការងារ បង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្តាប្រទេសនានា ក្នុងតំបន់ និងជុំវិញពិភពលោកថែមទៀតផង។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ ក៏មានលេច ឡើងនូវបញ្ហាប្រឈមជាច្រើនដូចជា ឧក្រឹដ្ឋកម្ម ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ចនិងការរំលោភ បំពានផ្សេងៗតាមប្រព័ន្ធអនឡាញ ដែលបានកើតមានឡើងនិងបានក្លាយជាបរិបទថ្មីមួយដែលអាចផ្ដល់ផលប៉ះពាល់ ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបញ្ហានេះបាននិងកំពុងរីករាលដាល នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ដោយមើលឃើញអំពីបញ្ហាប្រឈម និងផលប៉ះពាល់ទាំងអស់នេះក្នុងបរិបទជាសកល រាជរដ្ឋាភិបាលកម្ពុជា បានចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្ដីថ្លែងការណ៍ WePROTEC នៅទីក្រុងអាប៊ុយដាប៊ី ក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធ នឹងសកម្មភាពទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងបានចូលរួមអនុម័ត លើសេចក្តីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋជាសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបាត់អំពើហិង្សា លើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ជាមួយគ្នានេះកម្ពុជាមានគម្រោងសិក្សាស្រាវជ្រាវស្តីពី ការបញ្ឈប់គ្រោះថ្នាក់ (Disrupting Harm Study) ជាគម្រោងស្រាវជ្រាវអំពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ គម្រោងនេះធ្វើឡើងនូវពីរទ្វីប គឺទ្វីបអាស៊ីអាគ្នេយ៍ ចំនួន ៦ប្រទេស រួមទាំងប្រទេសកម្ពុជា និងទ្វីបអាហ្វ្រិកខាងកើត និងខាងត្បូងចំនួន ៧ប្រទេស។ លទ្ធផលរបាយការណ៍នៃគម្រោងនេះ បានផ្តល់នូវភស្តុតាងគ្រប់ជ្រុងជ្រោយអំពីហានិភ័យដែលកុមារជួបប្រទះនៅតាមប្រព័ន្ធអនឡាញ របៀបដែលហានិភ័យទាំងនេះកើតឡើង របៀបដែលហានិភ័យទាំងនេះមានអន្តរទំនាក់ទំនងជាមួយទម្រង់ដទៃទៀតនៃអំពើ ហិង្សា និងអ្វីដែលអាចធ្វើបាន ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យទាំងនេះ។ របកគំហើញទាំងនេះ បានជួយឱ្យកម្ពុជាចាត់វិធានការបន្ថែម ដើម្បីធានាថាប្រព័ន្ធអ៊ីនធឺណិតមានសុវត្ថិភាព សម្រាប់កុមារ។

នៅក្នុងឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានធ្វើការវិភាគស្ថានភាពដំបូងលើ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដោយបានសិក្សាទៅលើផលប៉ះពាល់ នៃបច្ចេកវិទ្យា ទាំងនោះចំពោះកុមារ និងបានរកឃើញថា កុមារគឺជាជនដែលងាយប្រឈមនឹងគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ ផ្អែកលើការវិភាគស្ថានភាពដំបូង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារ ក៏បានរៀបចំផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ២០២១-២០២៥។

ដោយយោងលើផែនការដែលផ្តោតលើកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញនេះ អគ្គលេខាធិការដ្ឋាន ក.ជ.ក.  បានសហការជាមួយអង្គការឆាលហ្វាន កម្ពុជា រៀបចំនូវឯកសារ មេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ក្រោមគម្រោងកម្មវិធី Swipe Safe។ ឯកសារមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្ដុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានបែងចែក ៤ប្រភេទ ដោយផ្ដោតទៅលើក្រុមគោលដៅដូចខាងក្រោម រួមមាន៖ ១)- សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល ២)- សៀវភៅសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមកិច្ច ៣)- សៀវភៅសម្រាប់បណ្តុះបណ្តាលឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ ៤)- សៀវភៅមេរៀនសម្រាប់បណ្តុះបណ្តាលកុមារវ័យជំទង់ និងយុវជន។

ការបណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនេះ មានគោលដៅពង្រឹងចំណេះដឹងដល់កម្លាំងសេវាសង្គម ឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំ និងកុមារវ័យជំទង់ ឱ្យយល់ដឹងអំពីវិធីសាស្ត្រនៃការប្រើប្រាស់អ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព មានការទទួលខុសត្រូវ និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកទទួលការបណ្ដុះបណ្តាលអាចយល់ដឹងពីការស្វែងរកជំនួយ និងការឆ្លើយតបនៅពេលប្រឈមមុខនឹងបញ្ហាតាមប្រព័ន្ធអនឡាញ។