សាវតារបស់ ក.ជ.ក
សាវតារបស់ ក.ជ.ក
ព្រះរាជាណាចក្រកម្ពុជា បង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដើម្បីសម្របសម្រួល និងផ្តល់យោបល់ជូនដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។
ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទិ្ធកុមារ (អ.ស.ក) នៅថ្ងៃទី១៥ ខែតុលា នៅឆ្នាំ១៩៩២។ យោងតាមមាត្រា៤៤ នៃអ.ស.ក តម្រូវឱ្យប្រទេសហត្ថលេខីផ្តល់របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (អ.ស.ប)។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) តាមអនុក្រឹត្យ លេខ៨៣ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥ បន្ទាប់មកបានកែសម្រួលសមាសភាព មកជាអនុក្រឹត្យ លេខ៥៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៩។ នៅចុងឆ្នាំ២០០៩ ក.ជ.ក. បានកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធមកជាព្រះរាជក្រឹត្យ លេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩។ នៅដើមឆ្នាំ ២០២៤ ក.ជ.ក. បានកែសម្រួលសមាសភាព ភារកិច្ច និងរចនាសម្ព័ន្ធ មកព្រះរាជក្រឹត្យលេខ នស/រកត/០១២៤/០០១ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។
ក.ជ.ក. ជាសេវាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីជាអ្នកសម្របសម្រួល និងផ្តល់យោបល់ជូនដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។ រៀបចំរបាយការណ៍ស្ថានភាពកុមារ និងរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងសិទ្ធិរបស់កុមារ ជូនរាជរដ្ឋាភិបាល និងគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។ល។