តួនាទីភារកិច្ច របស់ ក.ជ.ក
តួនាទីភារកិច្ច របស់ ក.ជ.ក
តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) ជាសេវាធិការរបស់រាជរដ្ឋាភិបាល មានតួនាទី សម្របសម្រួលពិគ្រោះយោបល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាកុមារ។ ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងកុមារ ។ រៀបចំគោលនយោបាយ ផែនការ កម្មវិធី និងសកម្មភាពផ្សេងៗ ដើម្បីឧត្តមប្រយោជន៍ដល់កុមារ ។ ផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតតុបករណ៍អន្តរជាតិផ្សេងទៀតដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ គោលនយោបាយ និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហានានារបស់កុមារ និងបំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារឲ្យមានប្រសិទ្ធភាព។ ស្រាវជ្រាវ និងជូនព័ត៌មានស្តីពីសេចក្តីត្រូវការ និងបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងកុមារនៅកម្ពុជា ជូនរាជរដ្ឋាភិបាល ស្ថាប័ន និងអង្គការនានាដែលមានសមត្ថកិច្ច។ អនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍កុមារ។ លើកកម្ពស់កិច្ចការពារកុមារតាមគ្រប់រូបភាពនិងទម្រង់ទាំងអស់។ ធ្វើទំនាក់ទំនងជាមួយសហគមន៍ជាតិ អន្តរជាតិ ដើម្បីស្វែងរកជំនួយឧបត្ថម្ភ និងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ និងទស្សនៈរីកចម្រើន ក្នុងការកែលម្អស្ថានភាពកុមារ។ ពិនិត្យ តាមដាន វាយតម្លៃលើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្មវិធីជាតិសម្រាប់កុមារនៅកម្ពុជា និងលើកសំណើជូនរាជរដ្ឋាភិបាលអំពីតម្រូវការ និងបញ្ហាទាំងឡាយដែលធានាឧត្តមប្រយោជន៍របស់កុមារ។ រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតុបករណ៍អន្តរជាតិផ្សេងទៀតដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល។