វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ
វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ
វេទិកាកុមារអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងការដោះស្រាយបញ្ហាផ្សេងៗដែលកុមារកំពុងជួបប្រទះ។
ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការ World Vision International Cambodia) និងអង្គការ ERIKS បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងការដោះស្រាយបញ្ហាផ្សេងៗដែលកុមារកំពុងជួបប្រទះ។
វេទិកានេះបានផ្តល់ឱកាសឱ្យកុមារបានលើកឡើងនូវសំណួរ និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាអំពើហិង្សាលើកុមារគ្រប់ទម្រង់ ទៅកាន់វាគ្មិនចំនួន ៥រូប កមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ វាគ្មិនទាំងអស់បានបង្ហាញអំពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពនានា និងការពង្រឹងយន្តការកិច្ចការពារកុមារប្រទាក់ក្រឡាជាពហុវិស័យនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ អំពើហិង្សាលើកុមារគ្រប់ទម្រង់ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ លទ្ធផលដែលបានមកពីវេទិកា នឹងត្រូវរៀបចំជាសេចក្តីថ្លែងការណ៍រួមរបស់កុមារ ដើម្បីថ្លែងការណ៍ ទៅកាន់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ និងយកសេចក្តីថ្លែងការណ៍នេះ ដាក់បញ្ចូលទៅក្នុងផែងការរបស់ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាជួយដោះស្រាយបញ្ហារបស់កុមារ។
វេទិការនេះមានវេទិកានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងមានវាគ្មិនចូលរួម ចំនួន ០៥រូប អញ្ជើញមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង ស.អ.យ. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ និងមានអ្នកចូលរួមជាកុមារ អ្នកថែទាំកុមារ មន្ត្រីរាជរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធ សរុប ចំនួន ២៧០នាក់ ។