ការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤
ការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ បានរៀបចំការប្រឡងគូរគំនូរសម្រាប់កុមារ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ។
ទីលានសាលមហោស្រពកោះពេជ្រ, ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ បានរៀបចំការប្រឡងគូរគំនូរសម្រាប់កុមារ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ។
ការប្រឡងគំនូរនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យកុមារមកពីគ្រប់មជ្ឈដ្ឋានបានចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងលើកទឹកចិត្តឱ្យកុមារបានចូលរួម រីករាយក្នុងថ្ងៃទិវារបស់ពួកគេ។ កម្មវិធីនេះ មានកុមារចូលរួមប្រកូតគំនូរ មកពី សាលារៀនរដ្ឋ ឯកជន មណ្ឌលថែទាំកុមាររដ្ឋ មណ្ឌលថែទាំកុមារអង្គការមិនមែនរដ្ឋាភិបាល និងតាមសហគមន៍ចំនួន សរុប ២០០ នាក់ ។
ថ្លែងក្នុងឱកាសបើកកម្មវិធីប្រឡងគំនូរនេះ លោកជំទាវ ឃឹម សុបំណង អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធីប្រឡងសម្រាប់កុមារនេះ គឺជាការលើកកម្ពស់ការចូលរួមរបស់កុមារ ផ្តល់ឱកាសឱ្យកុមារបានជួបជុំដោយសន្តិវិធី បានសម្តែងមតិយោបល់ ទទួលបានព័ត៌មាន និងចូលរួមរួមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក៏ដូចជាដើម្បីឱ្យអ្នកដែលធ្វើការងារជាមួយកុមារបានយល់ដឹងកាន់តែប្រសើរអំពីតម្រូវការ និងផលប្រយោជន៍របស់កុមារ កុមារបានដឹងអំពីជីវិត មានគំនិត និងទស្សនៈផ្ទាល់ខ្លួន ជាមធ្យោបាយមួយដែលនាំឱ្យកុមារមានការគោរពខ្លួនឯង និងគោរពអ្នកដទៃ មានទំនុកចិត្តលើខ្លួនឯង និងមានភាពជាអ្នកដឹកនាំ។