សិក្ខាសាលាពិគ្រោះយោបល់លើសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
សិក្ខាសាលាពិគ្រោះយោបល់លើសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាលើកចុងក្រោយ។
ខេត្តកំពត, ថ្ងៃទី១៤ ដល់១៦ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសៀវភៅមេរៀន និងសម្ភារៈឧបទេសសម្រាប់បណ្តុះបណ្តាលស្តីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាលើកចុងក្រោយលើខ្លឹមសារកញ្ចប់មេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាពឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា សរុប ចំនួន ៣៥នាក់។
សូមបញ្ជាក់ថាៈ អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំនូវសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈគម្រោងកម្មវិធី Swipe Safe។ ការរៀបចំសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានបែងចែកជាកញ្ចប់មេរៀន ៤ប្រភេទ ដោយផ្តោតទៅលើក្រុមគោលដៅដូចខាងក្រោម រួមមាន៖ ១)- សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល, ២)- សៀវភៅសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមកិច្ច, ៣)- សៀវភៅសម្រាប់បណ្តុះបណ្តាលឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ និង៤)- សៀវភៅមេរៀនសម្រាប់បណ្តុះបណ្តាលកុមារវ័យជំទង់ និងយុវជន។ ការអភិវឌ្ឍសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលនេះ បានដកស្រង់ចេញពីគំរូមេរៀនសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៧ កន្លងមកតាមរយៈគម្រោង Swipe Safe របស់អង្គការឆាលហ្វាន ដោយបានកែសម្រួលខ្លឹមសារឱ្យស្របតាមបរិបទសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម។
ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនេះ មានគោលដៅពង្រឹងចំណេះដឹងដល់កម្លាំងសេវាសង្គម ឪពុកម្តាយ និងកុមារវ័យជំទង់ ឱ្យយល់ដឹងអំពីវិធីសាស្ត្រនៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព មានការទទួលខុសត្រូវ និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកចូលរួមទទួលការបណ្តុះបណ្តាលអាចយល់ដឹងពីការស្វែងរកជំនួយ និងការឆ្លើយតបពេលមានបញ្ហាប្រឈមកើតឡើងនៅតាមប្រព័ន្ធអនឡាញ។