កិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរធនធានរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
កិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរធនធានរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សំណូមពរដល់អង្គការដៃគូពាក់ព័ន្ធនានា ចូលរួមគាំទ្រជាសម្ភារៈ និងថវិកា ដល់កម្មវិធីទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ដើម្បីបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងសហការគ្នារវាងរដ្ឋាភិបាល និងអង្គការដៃគូក្នុងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា
ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរធនធានស្នើសុំគាំទ្រលើគម្រោងរៀបចំមីទ្ទីងអបអរសាទរខួបលើ៧៥ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពីក្រសួង ស្ថានប័ន អង្គការដៃគូពាក់ព័ន្ធនានា សរុប ចំនួន ៣២នាក់។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផល និងសម្រេចជ្រើសរើសបានប្រធានបទចំនួន ៣ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. ដើម្បីពិនិត្យ និងសម្រេចយកប្រធានបទចំនួន ១ សម្រាប់ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤។ ជាមួយគ្នានេះឯកឧត្តមប្រធានអង្គប្រជុំបានសំណូមពរដល់អង្គការដៃគូពាក់ព័ន្ធនានា មេត្តាចូលរួមគាំទ្រជាសម្ភារៈ និងថវិកា ដល់កម្មវិធីទិវាដ៏មានសារសំខាន់នេះ ដែលជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងសហការគ្នារវាងរដ្ឋាភិបាល និងអង្គការដៃគូក្នុងការលើកកម្ពស់ការអនុវត្តសិទ្ធិកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

























