វគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
វគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយអង្គការ WOMEN បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គមថ្នាក់ឃុំ មកពីឃុំថ្តូវ និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃពុធ-ព្រហស្បតិ៍ ១១-១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក បានសហការជាមួយអង្គការ WOMEN តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការឆាលហ្វានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គម។ វគ្គនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងដល់កម្លាំងសេវាសង្គមនូវយន្តការ និងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ ការការពារ ការឆ្លើយតប និងគាំទ្រការផ្តល់សេវាដល់កុមារពាក់ព័ន្ធនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. និងមានសិក្ខាកាមអញ្ជើញចូលរួមជាកម្លាំងសេវាសង្គមថ្នាក់ឃុំ មកពីឃុំថ្តូវ និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សរុបចំនួន ២៥នាក់។ វគ្គបណ្តុះបណ្តាលនេះសម្របសម្រួល និងធ្វើបទបង្ហាញដោយក្រុមការងារនៃគម្រោង Swipe Safe របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក. ។
ឯកឧត្តមអគ្គលេខាធិការរង បានមានចំណាប់អារម្មណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដោយឯកឧត្តមបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលដល់ក្រសួង ស្ថាប័ន អង្គការដៃគូ និងអ្នកធ្វើការងារពាក់ព័ន្ធជាមួយកុមារ ដើម្បីឱ្យមានការយល់ដឹង មន្ថែមទៀតពាក់ព័ន្ធកិច្ចការពារកុមារ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារឱ្យមានភាពល្អប្រសើឡើងថែមទៀត។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ និងបានផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតដល់កម្លាំងសេវាសង្គមយើង ដើម្បីយល់ដឹងអំពីករណីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងយកចំណេះដឹងទៅធ្វើការដោះស្រាយ ដើម្បីឆ្លើយតមទៅនឹងតម្រូវការកិច្ចការពារស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញបានទាន់ពេលវេលា។ ជាមួយគ្មានេះឯកឧត្តមបានសំណូមពរឱ្យសិក្ខាកាមមេត្តាយកចិត្តទុកដាក់ចូលរួមជាមួយវគ្គបណ្តុះបណ្តាលនេះ និងយកចំណេះដឹងនេះទៅអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍កុមារគ្រប់ៗរូប។